ពីព្រេងនាយ
មានបិសាចមួយឈ្មោះ រាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា ។
អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានទ្ធិម្នាក់
ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា ។ បិសាច
និងនាងមេខលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀងខ្លួន ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃក្រៃលែងដូចគ្នា
។ តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា ។
កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ
លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើអ្នកណាមួយប៉ិនប្រសប់ជាងគេ ។
ទើបលោកនិយាយទៅកាន់សិស្សថា «បើអ្នកណា
យកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាន
នោះខ្ញុំនឹងធ្វើទឹកនោះឲ្យក្លាយទៅជាកែវមនោហរា
ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វី
ឬចង់បានអ្វី ចេះតែបានសម្រេចទាំងអស់» ។
រាមាសូរ
ក៏យកកែវមួយទៅត្រងទឹកសន្សើមដែលទើនៅស្លឹកឈើ និងស្មៅផ្សេងៗ ។
វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានផលល្អសោះ ។
ចំណែកឯនាង មេខលា
ដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតៗ
ហើយយកទៅដាក់ផ្ដិតលើទឹកសន្សើម ដែលដក់នៅលើស្លឹកឈើ និងនៅលើស្មៅ
ទាល់តែដុំឈើនៅជក់ទឹកពេញទាំងអស់ ។
បន្ទាប់មកនាងមេខលាបានយកដុំឈើនៅទៅច្របាច់ទឹកដាក់ក្នុងកែវ ។
អាស្រ័យដោយហេតុដូច្នេះ នាងក៏រកទឹកសន្សើមដាក់កែវបានពេញ
ហើយក៏យកកែវនោះទៅជូនមហាតាបស ។ ហេតុដូច្នេះ បានជានាងអារក្ខទេវីត្រូវបានតាបសសម្គាល់ថា
ប៉ិនប្រសប់ជាងបិសាច ។
តាបស
ជប់ទឹកសន្សើមនោះឲ្យកើតទៅជាកែវ ហើយប្រគលទៅឲ្យនាងមេខលាដោយប្រាប់ថា «កែវនេះមានគុណភាពខ្លាំងណាស់
បើអ្នកមានបំណងអ្វីមួយ គ្រាន់តែលើកកែវនេះគ្រវីឡើង នោះមួយរំពេច
សេចក្ដីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាម មួយទៀតដោយគុណភាពនៃកែវនេះ
អ្នកអាចហោះកាត់អាកាសកប់ពពកជ្រកអាចម៍ជន្លេនទៅកាន់កន្លែងណាក៏បានទាំងអស់»។
នាងអារក្ខទេវី
ក៏ទទួលយកកែវនោះមកលើគ្រវីឡើងលើ ស្រាប់តែហៅវឹងទៅលើមេឃតម្រងទៅមហាសាគរ
។ ចំណែកឯរាមាសូរ អាស្រ័យដោយការព្យាយាមដ៏យូរ
ក៏រកទឹកសន្សើមដាក់បានពេញកែវ ហើយយកទៅថ្វាយមហាឫសីៗ ពោលថា «ចៅឯងយករបស់នេះមកយឹតយូរពេក
ហួសពេលតាត្រូវការ ឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយ
មន្តអាគមគាថារបស់តា អាចជប់វត្ថុបែបនេះបានតែមួយដងទេ»។
កាលបើបានឮមហាតាបសថាដូច្នេះ
រាមាសូរក៏កើតសេចក្ដីទោមនស្សពន់ប្រមាណ
ហើយក៏ស្រែកយំអណ្ដើកអណ្ដកយ៉ាងខ្លាំង ។ ដើម្បីលួងចិត្តបិសាច
តាបសក៏ប្រាប់ថា «ចូរចៅកុំកើតទុក្ខខ្លាំងពេក
ចាំតាឲ្យពូថៅមួយ ពូថៅនេះអ្នកអាចយកទៅឈ្លោះដណ្ដើមយកកែវពីនាងអារក្ខទេវីមេខលាបាន
នាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាស
ដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងៗ ចូរអ្នកចោលពូថៅនេះទៅលើវា
វានឹងបោះចោលកែវដ៏មានតម្លៃនោះ ប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះ
ចៅឯងឃើញវាលើកកែវឡើងគ្រវី ចូរចៅឯងបិទភ្នែកភ្លាម
មុននឹងចោលពូថៅទៅលើវា» ។
កាលបើរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយ
វាក៏ហោះស្វែងរកនាងមេខលា ដើម្បីដណ្ដើមកែវមនោហរា
ប៉ុន្តែកាលបើបានឃើញនាងកាលណា នាងក៏យល់ឃើញភ្លាមថា បិសាចនេះប្រាកដជាមកមានបំណងធ្វើអាក្រក់មកលើនាងពុំខាន
ទើបនាងលើកកែវគ្រវីឡើង ហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ ។
កាលបើក្រឡេកឃើញពន្លឺចាំង នៃកែវមានសិល្ប៍ភ្លាម
បិសាចក៏បិទភ្នែកវាជិតរួចគ្រវែងអាវុធវាទៅ។ អាវុធនោះ ក៏ហោះយ៉ាងលឿនឮសូរសម្បើម
ក្រៃលែង ប៉ុន្តែឥតត្រូវនាងមេខលាទេ ។
ចាប់តាំងពីពេលនោះមក
ទើបនៅពេលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយឮសូរសម្លេងយ៉ាងខ្លាំងនៃអាវុធនោះ
។ អាស្រ័យហេតុនេះហើយ
បានជាក្នុងភាសាខ្មែរយើងឲ្យឈ្មោះដុំថ្មទាំងឡាយណា ដែលឃើញមានរាងដូចផ្លែពូថៅ
ឬចបកាប់ក្បាលស្រួច ឬដូចកាំបិតថា “កាំរន្ទះ” ហើយសន្មតរបស់ទាំងនេះថា
ជាព្រួញរបស់យក្សបាញ់ នៅលើមេឃធ្លាក់មកដី។
ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ