ក្នុងកាលនោះមានមហាឥសីមួយអង្គ គង់នៅព្រៃភ្នំមួយឈ្មោះ
វុឌ្ឍីបព៌ត តាំងចង្ក្រមភាវនាក្នុងទីភ្នំនោះ ជាអង្វែងឆ្នាំមក ។ នៅកន្លែងនោះ
មានស្រះបួនគឺទិស បូព៌ា ១ ទក្សិណ ១ បស្ចិម ១ និងឧត្តរ ១ ។ ស្រះនោះមានទឹករងថ្លា
មានដុះឈូកក្រហមឈូកស និងបុប្ផាផងទាំងពួង ជាទីសប្បាយនៃមច្ឆាគ្រប់បែប ឯមាត់ច្រាំងក៏ជ្រាល
មុខគួរឲ្យសប្បាយពេកណាស់ ។ ស្រះទាំងបួននៅឆ្ងាយពីអាស្រមប្រហែលមួយយោជន៍
ព្រះឥសីក៏ធ្លាប់តែទៅស្រង់ទឹករាល់ដងផង ។ មានសម័យថ្ងៃមួយ ព្រះឥសីគង់ចម្រើនមេត្តាភាវនាដោយញាណឈានលោកិយ
សព្វគ្រប់ទៅឃើញថា: ឱ ! មានទេពធីតាមកចាប់កំណើត ក្នុងផ្កាឧត្បល ដែលដុះក្នុងស្រះខាងឧត្តរ
បានអាយុ ៩ ថ្ងៃហើយ តើអាត្មាអញក៏ខានទៅស្រង់ទឹកឯស្រះនោះ ៩ ថ្ងៃហើយដែរ
។ ព្រះឥសីក៏ដាក់ស្មឹងស្មាធិ៍គិតថា អាត្មាអញគួរទៅយកមកចិញ្ចឹមបីបាច់ថែរក្សាចុះ
គិតហើយក៏រៀបអង្គផ្ចង់ដំណើរ តម្រង់ទៅទិសឧត្តរ ដល់ស្រះហើយ ព្រះឥសីឈរសម្លឹងមើលគ្រប់ផ្កាឃើញផ្កាឧត្បលមួយធំខ្ពស់
ឃើញនាងទេពធីតាអង្គុយក្នុងផ្កានោះ ព្រះឥសីក៏ចុះទៅកាច់យកផ្កានោះមក ហើយនិមន្តត្រឡប់មកកាន់អាស្រមវិញ
ចិញ្ចឹមថែរក្សាជាសុខសប្បាយ ។ លុះដល់នាងធំ ក៏ឲ្យឈ្មោះថា “ ឧត្តរបុប្ផា
” លុះបានអាយុ ១៥ វស្សា លោកតាក៏ភ្នកព្រះទ័យនឹក អាណិតចៅស្រី ព្រោះពេញរូបរាងទៅហើយ
នៅកំព្រាឥតគ្នីគ្នានឹងលេងប្រឡែង ឯកឯងអផ្សុកវិតក្កចិត្ត ដូច្នេះគួរអញយកបុប្ផាមួយទៀតមកជបឲ្យកើតជាគ្នា
គ្រាន់បានជាពីរនាក់ ។ ព្រះឥសីគិតហើយ ឈ្វេងយល់ថា ឥឡូវបើយកផ្កាដទៃផ្សេងមកជបជាមនុស្សទៅ
ឃើញថាជាជាតិផ្កាដូចគ្នា ដូច្នេះចាំយកជាតិពីនាងផ្ទាល់វិញ ។ ឥសីគិតហើយក៏ហៅនាង
ឧត្តរបុប្ផាមកផ្ដាំថា បើកាលណានាងធំពេញរាងហើយ មានរដូវ ចូរនាងផ្ដិតសំឡីឲ្យទុកឲ្យតា
ៗ នឹងជបឲ្យបានគ្នាគ្រាន់នឹងលេងពីរនាក់ ។ នាងឧត្តរបុប្ផា បានឮលោកតាមានពុទ្ធដីកាហើយ
ក៏ត្រេកអរពន់ពេក លុះដល់គម្រប់ពេលមានរដូវកាលណាហើយ នាងក៏យកទៅថ្វាយលោកតាតាមបណ្ដាំ
។
លោកតាប្រាប់ទៅនាងថា៖ អើចៅ ! ថ្ងៃស្អែកនេះចៅនឹងបានគ្នាជាពីរនាក់
គ្រាន់និយាយលេងសោះអផ្សុកហើយ ។ វេលាយប់នោះ នាងដេកពុំលក់សោះ ទន្ទឹងចាំតែព្រឹកឆាប់
នឹងអាលបានគ្នាជាពីរនាក់ ។ លុះព្រឹកឡើង លោកតាក៏បិទទ្វារកុដិ តាំងវាយភ្នែនសង្រួមភាវនាវេទមន្តជបបានឆ្មាញីមួយសម្បុរបី
អំពីលោហិតរដូវដែលនាងផ្ដិតឲ្យទៅនោះ ។ រួចស្រេចហើយ ឥសីហៅនាងឧត្តរបុប្ផាមក
ហើយលើកឆ្មាហុចមកឲ្យនាង ប្រាប់នាងថា “ នេះជាគ្នារបស់នាងហើយ សត្វនេះឈ្មោះថា
ឆាម៉ា ” ។ សត្វនោះចេះនិយាយគួរសមជាមួយនាង នាងក៏ទទួលយកមកថែរក្សាដោយសេចក្ដីស្រឡាញ់ពេញចិត្ត
ទុកដូចជាកូន ឬប្អូនឱបដល់ឱរាបីយកទៅក្នុងបន្ទប់ ទៅណាមកណា តែងយកទៅតាម
និយាយគ្នាបីដូចមនុស្សដូច្នោះ ។ លុះដល់នាងអាយុបាន ១៧ ឆ្នាំ ទើបឥសីដាក់កំណត់ច្បាប់មាត្រា
ឲ្យនាងកាន់កុំឲ្យភាន់ច្រឡំ សម្រាប់ជាច្បាប់តទៅកូនចៅស្រី ៗ ឯក្រោយទៀត
គឺថាជាតិជាស្រីទាំងអម្បាលម៉ាន មិនត្រូវទាត់សត្វឆាម៉ានេះនឹងជើង ឬវាយនឹងអម្បោស
ឬមួយនឹងត្របុតត្រីអាំង ។ កុំថាតែទាត់ធាក់ សូម្បីតែដើរកន្លងក៏មិនបានដែរ
ត្បិតសត្វនេះកើតឡើងដោយលក្ខណ៍ស្រី ។ បើស្រីណាទាត់ធាក់ ឬដើរកន្លងសត្វនេះ
ហៅថាស្រីហីនលក្ខណ៍ ហើយបើប្រព្រឹត្តិច្រើនដងទៅ ហៅថាស្រីខាតលក្ខណ៍ ។ តមកប្រមាណ
១៤ ខែ សត្វឆាម៉ាក៏កើតបានកូនឈ្មោលមួយឡើងទៀត ។ គឺជាឆាម៉ាទាំងពីរនេះហើយ
ជាកំណើតឆ្មាទាំងអស់ ។
និយាយពីស្ដេចមួយអង្គនាមសោទត្ត ព្រះរាជបិតាលើករាជសម្បត្តិ
ឲ្យកូននេះសោយរាជ្យសម្បត្តិឲ្យកូននេះសោយរាជ្យ ពីព្រះជន្មបាន ២១ ព្រះវស្សា
នៅនគរឈ្មោះតក្កសីលា ។ ស្ដេចថ្មីនោះសោយរាជ្យឡើងពុំមានមហេសីទេ ត្រអាលក្រសាលតែនឹងស្រីស្នំបរិពារ
។ លុះអង្វែងទៅ ស្ដេចទ្រង់ផ្ទំវេលាយប់មួយ លោកនឹកភ្នកព្រះទ័យចង់ចេញទៅលេងព្រៃ
។ លុះភ្លឺស្វាងកាលណា ស្ដេចក៏ចេញចុងព្រះរាជរោង ឲ្យនាម៉ឺនមុខមន្ត្រីគាល់ដូចសព្វដង
។ លុះជួបជុំមន្ត្រីអស់ហើយ ស្ដេចក៏មានបន្ទូលប្រាប់ថា “ យើងចង់ទៅលេងព្រៃនៅថ្ងៃខានស្អែក
ចូររៀបចំពលថ្មើរជើងនិងសេះដំរី រៀបចំស្បៀងអាហារក្រយាស្ងោយគ្រាន់គ្រប់គ្នាកុំឲ្យខ្វះ”
។ នាម៉ឺនទទួលព្រះរាជឱង្ការកាលណា ក៏រៀបចំប្រដាប់ឥតមានខ្វះ ពលថ្មើរជើង
ពលសេះដំរី រួចស្រេចហើយ ក៏ចូលក្រាបបង្គំទូលព្រះអង្គជ្រាប ។ លុះដល់កំណត់ថ្ងៃហើយ
វេលាព្រឹកស្ដេចក៏យាងចេញទៅ ដោយមាននាម៉ឺនសេនាទាហានហែតាម លុះបានបួនថ្ងៃក៏បានទៅដល់
ព្រៃហេមវន ស្ដេចក៏មានព្រះឱង្ការឲ្យបោះ ព្រះពន្លាមួយនៅទីនោះ ។ អស់ទាំងសេនាទាហានក៏ធ្វើជំរំគ្រប់
ៗ តាមមុខរបស់ខ្លួនស្រេច ហើយស្ដេចមានបន្ទូលបើកអំណាចឲ្យអស់សេនាលេងល្បែង-ភ្លេងច្រៀងរាំតាម
ចិត្តឲ្យសប្បាយក្នុងព្រៃនោះ ។ នៅពេលយប់ស្ដេចក៏ចូលផ្ទំ ក្នុងព្រះពន្លាជ័យ
លុះអាធ្រាត្រស្ងាត់ឮសូរតែមាត់បក្សីគ្រប់ភាសាយំ មុខគួរឲ្យស្រងេះស្រងោច
លន្លង់លន្លោចក្នុងព្រះទ័យមមៃនឹកគិតគ្រប់សព្វ លុះភ្លឺស្វាងព្រះសុរិយាកាលណា
ស្ដេចក៏មានព្រះរាជឱង្ការ បង្គាប់ទៅរាជអាមាត្យ ឲ្យរៀបទីន័ងអស្សតរថ្វាយ ព្រះអង្គនឹងត្រេចមើលព្រៃកម្សាន្តព្រះទ័យជាមួយនឹងអាមាត្យពីរនាក់
បីនឹងស្ដេច ។ រួចហើយចេញទៅ ល្ងាចត្រឡប់មកព្រះពន្លាជ័យវិញ ។ គ្រប់បីថ្ងៃនៅវេលាព្រឹក
១ ស្ដេចក៏បរទីន័ងទៅដល់ស្រះកំណើតនៃនាងឧត្តរបុប្ផា ទ្រង់ទតទៅឃើញ ទឹកក៏រងថ្លា
ឃើញបុប្ផានិងមច្ឆាគ្រប់បែប ហែបហែលជ្រួល ច្រវាត់មុខគួរឲ្យទ្រង់សព្វព្រះទ័យនឹងចុះស្រង់
។ ទើបស្ដេចមានបន្ទូល ទៅរាជអាមាត្យទាំង ២ ថា យើងងូតទឹកស្រះនេះឲ្យត្រជាក់កាយសប្បាយចិត្តសឹមបន្តដំណើរទៅ
ទើបឈប់លែងពាជីឲ្យស៊ីស្មៅ រួចផ្លាស់ព្រះពស្ត្រស្រង់ទៀត ព្រមទាំងរាជអាមាត្យ
ទឹកក៏ត្រជាក់ធ្វើឲ្យមានកម្លាំងមែន ។ រួចហើយឡើងផ្លាស់ព្រះពស្ត្រស្រេច ស្ដេចក៏យាងទតតាមឆ្នេរស្រះទៅ
ឃើញមានផ្លូវទក់ៗ ព្រះអង្គនឹកថា “យី ! ព្រៃនេះសមសាន្តឋានស្ងាត់ណាស់ ម្ដេចឡើយក៏មានផ្លូវមនុស្សដើរដូច្នោះ”
។ រួចស្ដេចក៏មានបន្ទូលទៅនឹងអាមាត្យថា នៅចាំយើងទីនេះចុះ យើងដើរទៅមើលត្រង់នោះបន្តិច
។ ស្ដេចយាងតាមផ្លូវព្រះឥសីនោះទៅ ៗ បន្តិចបានក្រឡេកឃើញអាស្រម ស្ដេចនឹកក្នុងព្រះទ័យថា
រោងនេះជារោងអី ? ជាផ្ទះព្រានព្រៃទេ ឬអ្វី ? ព្រះអង្គចេះតែយាងចូលទៅ ឯព្រះឥសីកំពុងឆាន់ នាងឧត្តរបុប្ផាអង្គុយគាល់លោកតា
។ លុះស្ដេចយាងដល់ទទួលនាងនោះក្រឡេកភ្នែកមកឃើញ នាងក៏ស្ទុះចូលទៅក្នុងបន្ទប់
។ ព្រះឥសីសួរទៅនាងថា ម្ដេចក៏ស្ទុះរត់ចូលក្នុង? នាងនិយាយតិច ៗ ទូលឥសីថា “មានមនុស្សពីណាដើរចូលមក”។ ព្រះឥសីក៏បែរព្រះភក្ត្រទតយល់ដូចនាងទូលមែន។
ឯព្រះរាជា លុះយល់ច្បាស់ដូច្នេះហើយ ក៏ចូលទៅថ្វាយបង្គំព្រះឥសី, ឥសីក៏ឈប់ឆាន់ សួរទៅស្ដេចថា នែចៅមកពីណា បានជាចូលមកដល់ទីនេះ ? ” ទើបស្ដេចទូលឥសីថា “ ខ្ញុំព្រះករុណាមកពីនគរតក្កសីលា ” ឥសីឈ្វេងយល់មួយរំពេចថា
នេះជាស្ដេច ទើបព្រះអង្គសួរទៅទៀតថា “ ស្ដេចចៅមកទីនេះប្រាថ្នាអ្វី ” ។
ព្រះបាទសោទត្ត ទូលឥសីតាមដំណើរ ឯឥសីឈ្វេងយល់ថា ស្ដេចអង្គនេះត្រូវជាគូរនាងឧត្តរបុប្ផា
លោកក៏ហៅចៅស្រីឲ្យចេញមកថ្វាយបង្គំព្រះរាជា ។ ហេតុតែនាងជាស្រីមានលក្ខណ៍
ក៏ចេញមកថ្វាយបង្គំព្រះរាជាតាមពុទ្ធដីកា ។ ព្រះអង្គក្រឡេកយល់នាង នាងក៏យល់ព្រះភក្ត្រព្រះអង្គច្បាស់
ហើយចាប់ចិត្តទៅវិញទៅមក ទើបព្រះឥសីមានពុទ្ធដីកាថា “ ស្ដេចចៅនេះហើយដែលជាគូនឹងនាង
តាំងតែអំពីអតីតជាតិមកម្ល៉េះ ” ។ គ្រានោះឥសីសួររកសេនារេហ៍ពល ព្រះបាទសោទត្តក៏ទូលថា
ព្រះអង្គយកតែអាមាត្យពីរនាក់មកតាមទេ ឥឡូវឲ្យឈប់ចាំនៅឯមាត់ស្រះខាងទិសឧត្តរឯណោះ
ត្រង់ថាខ្ញុំករុណាត្រូវជាគូស្រករនឹងនាងនេះ ក៏ស្រេចតែលោកតា បើសព្វព្រះទ័យយ៉ាងណា
ខ្ញុំព្រះករុណាទទួលធ្វើតាមទាំងអស់ ។ ឥសីបញ្ជាទៅវិញថា “ បើដូច្នេះ សូមស្ដេចចៅថយ
ទៅរៀបចំសង់រោងបីល្វែង ហើយរកផ្កាឲ្យបាន ៧ ពណ៌យកមកចងផ្គុំជាបីបាច់ ទុកឲ្យតាទៅប្រសិទ្ធីពរជ័យឲ្យបានគ្នាជាប្ដីប្រពន្ធសុខសប្បាយតទៅ
” ។
ស្ដេចស្ដាប់ព្រះពុទ្ធដីកាហើយ ក៏រួសរាន់ថ្វាយបង្គំលា
យាងមកដល់ទីកន្លែងស្រះដែលឲ្យអាមាត្យចាំ ហើយបបួលអាមាត្យត្រឡប់ទៅកាន់ពន្លាជ័យវិញ
ដល់ហើយបញ្ជានាម៉ឺនសេនាគ្រប់ក្រុម ឲ្យរៀបចំសង់រោងបីល្វែង តាមបង្គាប់ឥសី
។ បានរួចស្រេច ក៏ឲ្យក្បួនទ័ពព្រមទាំងភ្លេងដូរ្យតន្ត្រីពីរោះល្វឹងល្វើយ
ទៅដង្ហែនាងឧត្តរបុប្ផាពីអាស្រមឥសី និមន្តទាំងព្រះឥសីឡើងគង់ព្រះវរសលៀងដង្ហែមកកាន់ព្រះពន្លា
។ ដល់ហើយព្រះតាបសតាំងសូត្រទិព្យមន្ត ព្រះឥសីក៏បាចផ្កាទាំង ៧ ពណ៌នោះថ្វាយពរជ័យដល់គូស្រករថ្មី
។ បីថ្ងៃតមក ទើបព្រះអង្គនិងនាងជាយាថ្វាយបង្គំលាលោកតា នាងក៏ស្រក់ទឹកភ្នែកនឹកអាល័យលោកតា
ព្រោះតាំងពីកើតមក ពុំដែលបែកទៅណាសោះ ឥឡូវមិនដឹងជាកាលណានឹងបានមកថ្វាយបង្គំវិញទេ
។
គ្រានោះ ឥសីបានផ្ដាំនាងថា៖ បើនាងទៅដល់ប្រាសាទហើយ
មុននឹងឡើងទៅលើប្រាសាទ នាងត្រូវឱបសត្វឆាម៉ា ហើយដើរព័ទ្ធប្រទក្សិណប្រាសាទ
៣ ជុំ រួចសឹមឡើងទៅនៅក្នុងប្រាសាទនោះ ទើបនាងបានសុខ មានសិរីសួស្ដី ។ នាងស្ដាប់សព្វគ្រប់ហើយ
ក៏លាចេញទៅ លុះទៅដល់ព្រះរាជវាំងហើយ មុននឹងចូលក្នុងព្រះរាជដំណាក់ព្រះនាងបានធ្វើតាមបណ្ដាំឥសីឥតឲ្យឆ្គង
ក៏បានប្រកបដោយសេចក្ដីសុខចម្រើនរហូតទៅ ។
ទំនងជាដោយសាររឿងនេះទេដឹង បានជាខ្មែរយើងមានទំនៀមមួយ
ក្នុងពេលធ្វើពិធីឡើងផ្ទះថ្មី គឺគេនិយមឱបឆ្មាមួយ ហើយដើរប្រទក្សិណផ្ទះបីជុំ
ហើយស្រេច ទើបគេឡើងនៅ ។
ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ ភាគ២
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
No comments:
Post a Comment